គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ត្នោតមាស និងពានរង្វាន់គីណាល់ : ការចាប់ផ្តើមដ៏អស្ចារ្យ

កាលបរិច្ឆេទ: ០៩ កុម្ភៈ ២០២៦ / សុខភាព / Author : ATH Sokren

មូលនិធិគីណាល់ទើបតែដាក់ឱ្យដំណើរការជាផ្លូវការនូវការប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាស និងពានរង្វាន់គីណាល់២០២៦។ ពានរង្វាន់ទាំងពីរនេះដែលបំពេញឱ្យគ្នាទៅវិញទៅមក មួយសម្រាប់និស្សិតផ្នែកផលិតកម្មចំណីអាហារ និងក្សេត្រសាស្ត្រ និងមួយទៀតសម្រាប់និស្សិតឱសថសាស្ត្រ ដាក់គោលដៅស្រាវជ្រាវដូចគ្នានៅឆ្នាំនេះ គឺភេសជ្ជៈប្រូប៊ីយ៉ូទិកដែលផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក និងមានបំណងដូចគ្នាគឺបំផុសឱ្យមានអ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិតខ្មែរជំនាន់ថ្មី។

ពីថ្ងៃទី១២ដល់ថ្ងៃទី២២​ ខែមករា ឆ្នាំ២០២៦ យុទ្ធនាការផ្សព្វផ្សាយពីការប្រកួតដណ្តើមពានរង្វាន់ត្នោតមាសឆ្នាំ២០២៦ត្រូវបានធ្វើឡើងនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន១១នៅទូទាំងប្រទេស ក្នុងនោះមានវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិបន្ទាយមានជ័យជាដើម។ ប្រធានបទឆ្នាំនេះគឺ : «ការច្នៃប្រឌិតភេសជ្ជៈប្រូប៊ីយូទិកប្រកបដោយនវានុវត្តន៍ចេញពីវត្ថុធាតុដើមក្នុងស្រុកនៅកម្ពុជា» ក្នុងបំណងឱ្យនិស្សិតស្រមៃបង្កើតផលិតផលថ្មីៗចេញពីធនធានធម្មជាតិរបស់ជាតិ ដោយដើរតាមគម្លងរបស់ក្រុមហ៊ុនខនហ្វីរេលដែលបានបង្កើតផលិតផលចេញពីស្ករត្នោត និងគ្រឿងផ្សំបែបប្រពៃណីផ្សេងៗទៀតដូចជាប្រហុកជាដើម។

ស្របពេលជាមួយគ្នានេះដែរ មូលនិធិគីណាល់ក៏បានចាប់ផ្តើមយុទ្ធនាការពានរង្វាន់គីណាល់២០២៦ ក្រោមប្រធានបទបែបវិទ្យាសាស្រ្ត «ការស្វែងយល់ពីទំនាក់ទំនងដែលអាចមានរវាងភេសជ្ជៈប្រូប៊ីយ៉ូទិកដែលផ្សំឡើងពីវត្ថុធាតុដើមក្នុងស្រុក និងសុខុមាលភាពទូទៅ : ការធ្វើអង្កេតលើអាកប្បកិរិយា និងយន្តការ»។ យុទ្ធនាការផ្សព្វផ្សាយលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមករា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយមាននិស្សិតប្រមាណ៧០នាក់ចូលរួមដោយផ្ទាល់ និង៥០នាក់ទៀតចូលរួមតាមអនឡាញ។

ក្នុងឱកាសនោះដែរ លោកសាកេត សុភសីលា ជំនួយការរបស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងជាតំណាងមូលនិធិគីណាល់ បានរំលឹកឡើងវិញនូវប្រវត្តិនៃថ្នាំគីណាល់ ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយឱសថការីកម្ពុជាដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង គឺលោកវេជ្ជបណ្ឌិត កុក សុខគីម បន្ទាប់មកត្រូវបានដាក់ឱ្យដំណើរការឡើងវិញនៅឆ្នាំ១៩៩៦ ក្រោយពីការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង។ លោកសាកលវិទ្យាធិការរង ជា ស៊ីន ដែលជាអតីតសហការីរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងជាសហអ្នករៀបចំពានរង្វាន់គីណាល់ បានផ្តល់សក្ខីកម្មអំពីផលប៉ះពាល់ជាក់ស្តែងរបស់ពានរង្វាន់នេះទៅលើអាជីពរបស់និស្សិត ដោយកត់សម្គាល់ថានិស្សិតជ័យលាភីជាច្រើនបានចូលបម្រើការងារនៅសហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងមុខតំណែងសំខាន់ៗ។ លោកបានលើកទឹកចិត្តយុវជនឱ្យតស៊ូក្នុងការងារស្រាវជ្រាវ ដោយរម្លឹកពួកគេថា «ការធ្វើរឿងដដែលៗច្រើនដងជារឿយៗ» គឺជាគន្លឹះនៃភាពជោគជ័យ។

តាមរយៈពានរង្វាន់ទាំងពីរនេះ មូលនិធិគីណាល់បានពង្រឹងតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់រវាងសាកលវិទ្យាល័យ និងពិភពសេដ្ឋកិច្ច ដោយប្រែក្លាយចំណេះដឹងសិក្សាលើប្រូប៊ីយ៉ូទិក និងសុខុមាលភាពទៅជាឱកាសច្នៃប្រឌិតជាក់ស្តែងនៅក្នុងវិស័យកសិ-ចំណីអាហារនៅកម្ពុជា៕